(ខេត្តតាកែវ,ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០)៖ ស្នងការនគរបាលខេត្តតាកែវលោក សុខ សំណាង ធ្វើការជម្រុញបែបនេះ នៅក្នុងកម្មវិធីប្រកាសតែងតាំងនិងផ្ទេរភារៈកិច្ចលោកវរៈសេនីយ៍ឯក ភី ឆុន ត្រូវបានផ្លាស់ប្តូរពីអធិការស្រុកអង្គរបូរី មកជាអធិការស្រុកសំរោងវិញជំនួសលោក មឿន សារុន ដែលត្រូវបានផ្ទេរទៅជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវនៅថ្ងៃទី ០៣ ខែមិថុនាឆ្នាំ២០២០នេះ ។
លោកស្នងការលោកបានបន្តថា លោកអធិការថ្មី ត្រូវតែពិនិត្យឡើងវិញនូវលើការងារសន្តិសុខ ត្រូវក្តាប់អោយជុំនៅក្នុងមូលដ្ឋាន ចំពោះមុខសញ្ញាដែលវិលត្រឡប់ចូលមកស្រុកកំណើត ជាពិសេសជនបរទេស ដែលមកបង្កើតអង្គការ ឬធ្វើការងារអ្វីផ្សេង ត្រូវធ្វើការតាមដានអោយជាប់លើ មុខសញ្ញាដែលមានការសង្ស័យ និងធ្វើការយាមល្បាតនៅតាមចំណុចគោលដៅសំខាន់ៗ ដើម្បីរក្សាអោយបានសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានល្អ។
មិនត្រូវអោយមានបទល្មើសដែលកើតមានហើយ បង្ក្រាបមិនបាននោះទេ ត្រូវតែស្វះស្វែងធ្វើការស្រាវជ្រាវរកមុខសញ្ញាបង្ករហេតុ យកមកផ្តន្ទាទោសទៅតាមនីតិវិធីអោយបាន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោកកាន់តែមានជំនឿទុកចិត្តមកលើសមត្ថកិច្ចនគរបាលយើង ។
នៅក្នុងពិធីនោះដែរលោក កេត ម៉ៅ អភិបាលស្រុកសំរោង ស្នើសុំអោយលោកអធិការដែលទើបតែងតាំងថ្មី ត្រូវធានាអោយបាននៅចំនុចភូមិឃុំមានសុវត្តិភាព ដើម្បីចូលរួមគ្នាទប់ស្កាត់លើបទល្មើស ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសលុបបំបាត់អោយបានចំពោះករណីគ្រឿងញៀនក្នុងមូលដ្ឋាននេះ ៕






