នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅ លេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Gina A. Jamoralin ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណ ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកជាយូរលង់មកហើយរបស់ហ្វីលីពីន ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន រួមទាំង ការចូល រួមយ៉ាងសកម្មរបស់ហ្វីលីពីន ក្នុងការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រទាំង ៤។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងការកសាងសហគមន៍អាស៊ាន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងតំបន់ និងពិភពលោក៕






