អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនអោយមានការផ្សព្វ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្តខេត្ដកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសទុកពេល១ សប្តាហ៏ ឲ្យរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខ ភាពកម្ពុជា បានបញ្ជាក់ថា ចំណាត់ការនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការកាត់បន្ថយ ការជួបជុំ ដែលផ្ទុយនឹងវិធាន ការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជម្រុញ និងទាក់ទាញអោយមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន។
លោកថា កម្ពុជាគួរតែមានច្បាប់ឬលិខិតគតិយុត្តិណាមួយសម្រាប់គ្រប់គ្រងគ្រឿងស្រវឹង ដើម្បីឲ្យការអនុវត្តកាន់តែពេញលេញ និងមានប្រសិទ្ធភាព។ ការហាមឃាត់មិនអោយផ្សាយពាណិជ្ជកម្មតាមរយៈស្លាកសញ្ញាមិនគ្រប់គ្រាន់សម្រាប់បង្ការប្រជាពលរដ្ឋពីការអូស ទាញអោយប្រើប្រាស់គ្រឿងស្រវឹងទេ ព្រោះប្រជាពលរដ្ឋនៅតែរងឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមមធ្យោបាយផ្សេងទៀតដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៍មាន បណ្ដាញផ្សព្វផ្សាយសង្គមជាដើម។ ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរ ណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កអោយមានជំងឺជាង២០០មុខ។
ការប្រើប្រាស់គ្រឿងស្រវឹង បានបង្កការគំរាមកំហែងដល់សុខភាពរបស់ប្រជាជន និងទាមទារឱ្យមានការឆ្លើយតបពីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
តាមរយៈសេចក្តីប្រកាសនៅថ្ងៃនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ ទុកពេល១សប្តាហ៏ឲ្យម្ចាស់ផ្ទាំងពាណិជ្ជកម្មស្រាបៀ រុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺជាកំហិត។
ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើក កម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាព នៅក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត បានស្នើឱ្យ លោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ្រនៅខាងមុខហាង ឬជាយី ហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
រដ្ឋបាលខេត្តបានព្រមានថា ក្នុង ករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវ កម្ម ក្រុមហ៊ុនចែកចាយស្រាទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាតគ្រប់ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ៕






