ក្នុងឱកាសនៃជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋា ភិបាលកម្ពុជា។
ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីអំពីសកម្ម ភាពការងាររបស់វិទ្យាស្ថាន Tony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សន ទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។
ឯកឧត្តម Tony Blair បានបង្ហាញអំពីបំណងនៃការផ្តល់កិច្ចសហការជួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការចូលររួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតីបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលេីកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
សម្ដេចធិបតី និង ឯកឧត្តម Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យឌីជីថល និងការវិនិយោគ ជាដេីម៕






