
(ខេត្តកោះកុង,ថ្ងៃទី១៧ខែមករា ឆ្នាំ ២០២២)៖លោកជំទាវ មិថុនា ភូថង អភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការ ដើម្បីពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ ០(The 40th ASEAN Tourism Forum)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
ជាសភាពការណ៍រួម គណៈប្រតិភូជាតិ អន្តរជាតិ និងភ្ញៀវកិត្តិយស នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ប្រមាណ៤០០នាក់។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងវេទិកាខាងលើប្រព្រឹត្តទៅប្រកបដោយជោគជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការជាក់ស្តែង រួមមាន
១.គោលដៅការពារ សរុបមានចំនួន៣គោលដៅតំបន់ “ក” ទីលានវាយកូនហ្គោល ចំណតយានយន្ត កំពង់ផែតារាសាគរ តំបន់ “ខ” ចំណុចខ្ពស់នៅខាងក្រៅទីលានវាយកូនហ្គោលតារាសាគរ តំបន់ “គ” កំណាត់ផ្លូវជាតិលេខ៤ និងលេខ ៤៨។
២.ត្រៀមប្រើប្រាស់មធ្យោបាយ សរុបចំនួន ៥១គ្រឿង (រថយន្ត ១៧គ្រឿង រថយន្តអគ្គីភ័យ ៣គ្រឿង រថយន្តចល័តកម្លាំង ២២គ្រឿង រថយន្តគិលានសង្រ្គោះ ៤គ្រឿង នាវាម៉ារីន ២គ្រឿង អូប័រ ៦គ្រង និងម៉ូតូ ៧៧គ្រឿង)។
៣.ត្រៀមប្រើប្រាស់កម្លាំង ចំនួន ៨១៦នាក់។
ជាលទ្ធផល បន្ទាប់ពីបានពិនិត្យ និងទទួលផែនការ លោកជំទាវអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធត្រូវអនុវត្តផែនការនេះតាមភារកិច្ចរៀងៗខ្លួនធានាឱ្យវេទិកានេះ ប្រព្រឹត្តទៅបានដោយជោគជ័យដើម្បីមោទនភាពព្រះរាជាណាចក្រកម្ពុជាលើឆាកជាតិអន្តរជាតិនិងតំបន់៕
ដោយ៖ប៉ែន សំបូរ(កែសម្រួលដោយ មណ្ឌល កែវ)






