កណ្តាល ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចាប់វាយខ្នោះក្រោយទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីម្នាក់ ប្តឹងថាបានធ្វើសកម្មភាពស្ទាបអង្អែលសុដន់ និងថើមថ្ពាល់កូនស្រីគាត់
គ្រាដែលពួកគាត់មិននៅ ហើយកូនគាត់កំពុងដេកឈឺក្តៅខ្លួននៅលើគ្រែ ។
អំពើប្រទូស្តិកេរខ្មាស់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះ របស់ជនរងគ្រោះស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កុល សូវៀត (ហៅវៀត) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរចាប់ហ៊ួយ មានទីលំនៅភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកនាងរងគ្រោះមានឈ្មោះ ទ.ស.ន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៧ មានទីលំនៅភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
លោក សេង សុជាតិ ឱ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះ ទ.ស.ន បានដេកឈឺ ក្ដៅខ្លួននៅលើគ្រែ ក្រោមផ្ទះម្នាក់ឯង ហើយឪពុកម្ដាយមិននៅផ្ទះ ខណៈនោះជនសង្ស័យ កុល សូវៀត បានចូលទៅយកដៃខាងស្ដាំស្ទាបករ ស្ទាបដោះខាងស្ដាំ និងថើបថ្ពាល់ខាងស្ដាំរបស់ជនរងគ្រោះ រួចហើយជនសង្ស័យ កុល សូវៀត ក៏ដើរត្រឡប់មកផ្ទះខ្លួនវិញ។
លុះស្អែកឡើង វេលាម៉ោងជាង៤រសៀល ទើបឈ្មោះ ស្រ៊ុន សុផល (ម្ដាយ ទ.ស.ន) បានមកប្ដឹងសមត្ថកិច្ចនគរបាល ប៉ុស្ដិទឹកវិល ។
ក្រោយពេលទទួលបានពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនឈ្មោះ កុល សូវៀត មកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យ កុល សូវៀត ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល
ចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ ដាំ ជា







