ខេត្តកំពត៖ ថ្ងៃសុក្រនេះ លោកសង់ ស៊ីណាវ៉េត អគ្គ នាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាពអនុវត្តគម្រោង(PIU) បានអញ្ជើញដឹកនាំក្រុមការ ងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់នៃគម្រោងលើក កម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រុម ហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សា និងវាយតម្លៃលើការងារបច្ចេកទេសសាងសង់សម្រាប់គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត កំពត ផ្លូវជាតិលេខ៣ (ត្រង់គីឡូម៉ែត្រលេខ ១៤៨+ ១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ក៏ដូចជាដើម្បីធានាឱ្យការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាពរឹងមាំ អាចប្រើ ប្រាស់ជាប់បានយូរអង្វែង។
សូមជម្រាបជូនថា៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត ស្រុកទឹកឈូ ស្រុកកំពង់ត្រាច នៃខេត្តកំពត និងក្រុងកែប ស្រុកដំណាក់ចង្អើរ នៃខេត្តកែប ជាគម្រោងគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានរបស់ប្រទេសចិន សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)៕







