កប៉ាល់មន្ទីរពេទ្យកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ចប់បេសកកម្មវេជ្ជសាស្រ្តចុងក្រោយរបស់ខ្លួន បន្ទាប់ពីនាវិកពេទ្យរបស់ខ្លួនបានព្យាបាលមន្ត្រី និងទាហានរាប់ពាន់នាក់ដែលឈរជើងនៅលើកោះ និងថ្មប៉ប្រះទឹក សីហ្សា (Xisha) និងណានហ្សា (Nansha) ចំនួន១៣ នៅសមុទ្រចិនខាងត្បូង។
កប៉ាល់មន្ទីរពេទ្យដែលមានឈ្មោះថា យូអ៊ី (Youyi) ឬ Friendship ជាភាសាអង់គ្លេស បានត្រលប់ទៅកំពង់ផែ ហ្សានជាំង (Zhanjiang) បន្ទាប់ពីបានបញ្ចប់ការធ្វើដំណើររយៈពេល១៨ថ្ងៃ ដែលគ្របដណ្តប់លើចម្ងាយ៤,០០០ ម៉ាយ។
ក្រុមគ្រូពេទ្យដែលមានកម្លាំងចំនួន ៤០ ដែលរួមមានអ្នកជំនាញមកពីមន្ទីរពេទ្យកងទ័ពជើងទឹកទី១ នៃបញ្ជាការមហោស្រពភាគខាងត្បូងបានផ្តល់សេវាវេជ្ជសាស្រ្តដល់មនុស្សប្រហែល៥,០០០នាក់ និងបានធ្វើការវះកាត់ជាង ៦០ក្នុងអំឡុងពេលបេសកកម្ម។
វេជ្ជបណ្ឌិតបានប្រើប្រាស់ព័ត៌មានសុខភាពដែលប្រមូលបានពីការពិនិត្យសុខភាពដើម្បីវិភាគជំងឺទូទៅដែលបានរកឃើញក្នុងចំណោមបុគ្គលិកយោធាដែលឈរជើងនៅលើកោះ និងថ្មប៉ប្រះទឹក ដើម្បីផ្តល់សេវាសុខភាពកាន់តែប្រសើរឡើងផងដែរ៕
បកប្រែដោយ រម៉ាម វ៉ុង






