(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (6th SLOM CLMTV Meeting) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖
កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម រួមជាមួយនឹងតំណាងពីអង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ថៃ (TDRI)។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យលើសេចក្ដី ព្រាងសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការងារ ស្ដីពី ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ ដើម្បីឈានទៅរកការបង្កើតយន្តការរួមមួយក្នុងការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសមួយ ទៅប្រទេសមួយទៀតក្នុងចំណោមប្រទេស CLMTV និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេស CLMTV ។

ឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការ និងប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃប្រទេសទាំងបួន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការព្រាងសេចក្តីថ្លែងការណ៍ខាងលើ ដែលជាយន្តការរួមមួយដើម្បីលើកកម្ពស់កិច្ចគាំពារសង្គម និងជួយសម្រួលដល់ចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលផ្តោតលើប្រាក់សោធន និងតាវកាលិករយៈពេលវែងនៃរបបហានិភ័យការងារសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងប្រទេស CLMTV។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ ផ្លាស់ប្តូរយោបល់លើខ្លឹមសារសេចក្តីព្រាងសេចក្ដីថ្លែងការណ៍នេះ និងដាក់ឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំង៥ ពិនិត្យ និងកែ សម្រួលនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
សេចក្តីព្រាងសេចក្តីថ្លែង ការណ៍នេះនឹងត្រូវពិនិត្យជាចុងក្រោយនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើកទី៧ មុននឹងត្រូវដាក់ឱ្យពិនិត្យ និងអនុម័តក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនៃប្រទេស CLMTV លើកទី៤ ដែលគ្រោងនឹងរៀបចំនៅសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ នាខែឧសភា ឆ្នាំ២០២១ ដូចដែលបានកំណត់ក្នុង “ផែនទីបង្ហាញផ្លូវសៀមរាបឆ្ពោះទៅកាន់សេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការងារនៃប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម” ដែលត្រូវបានអនុម័តនិងប្រកាសក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនៃប្រទេស CLMTV លើកទី៣ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕






