អ្នកនាំពាក្យក្រសួងបរិស្ថាន ឯ.ឧ នេត ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីព្រៃកោងកាង សរុបចំនួនជិត៦ម៉ឺនហិចតា កំពុងជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ និងជួយដល់ប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរ។
ក្នុងឱកាសចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិត ផលជាច្រើនទៀតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង កាលពីម្សិលម៉ិញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា «ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ព្រៃកោង កាងក្នុងខេត្តកោះកុងពិសេសតំបន់ពាមក្រសោបបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសំបូរបែប ដូចជា ផ្តល់ផលវារីវប្បកម្មពីខេត្តកោះកុងមាន១ម៉ឺន៥១០០តោន/១ឆ្នាំ។ ផលនេសាទសមុទ្ររបស់ខេត្តកោះកុងពិសេសពីតំបន់ពាមក្រសោបមានចំនួន១ម៉ឺន ១៦៨០ តោនកាលពីឆ្នាំ២០១៩ កន្លងទៅ។ លើសពីនេះ តំបន់ព្រៃកោងកាងជាប្រភពដ៏សំខាន់នៃការបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ ដូចជា ការនេសាទ និងអេកូទេសចរណ៍។
អ្នកនាំពាក្យក្រសួងបរិសថា បញ្ជាក់ថា ខេត្តកោះកុងជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា។
កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ហិកតា ដែលក្នុងនោះនៅខេត្តកែបមានទំហំ ១ ០០៥ហិកតា ខេត្តកំពតមានទំហំ ១ ៩៦៦ ហិកតា ខេត្តព្រះសីហនុមានទំហំ ៩ ៣៥២ ហិកតា និងខេត្តកោះកុងមានទំហំ ៤៦ ៥២៩ ហិកតា។
ព្រៃកោងកាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោ នាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។
ព្រៃកោងកាងជាសម្បត្តិធម្មជាតិមហាសាលសម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកបមុខរបរអ្នកនេសាទតំបន់សមុទ្រ៕






