អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើទីតាំងយោធាក្នុងរដ្ឋធានី ដាម៉ាស របស់ប្រទេសស៊ីរី និងទីក្រុងឆ្នេរសមុទ្រ ថាតធឺស កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់ទាហានស៊ីរីចំនួនបីនាក់។
យោធាស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីស៊ីលពីទិសដៅនៃទីក្រុង បេរូត (Beirut) រដ្ឋធានីនៃប្រទេសលីបង់ និងបានកំណត់គោលដៅលើទីតាំងយោធានៅតំបន់ជនបទនៃទីក្រុងដាម៉ាស។
ចំណែកឯការវាយប្រហារមួយទៀត ដែលបានចាប់ផ្តើមដំណាលគ្នា ពីលើសមុទ្រមេឌីទែរ៉ាណេនោះ បានវាយប្រហារលើមូលដ្ឋានយោធា ក្នុងក្រុងថាតធឺស ភាគពាយ័ព្យ នៃប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសស៊ីរីក៏បានប្រើបច្ចេកវិទ្យាស្ទាក់ចាប់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអែលផងដែរ តែមិនបានបញ្ជាក់ពីកន្លែងដែលទាហានត្រូវបានសម្លាប់នោះទេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






