ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក និងអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយអង្គភាពស៊ើប ការណ៍ហិរញ្ញវត្ថុកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អនុស្សរណៈនេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហ ការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ ស៊ុយ សាន បានមានប្រសាស ន៍ថា អនុស្សរណៈយោគយល់នេះនឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយាន យន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
ការចុះហត្ថលេខានេះ គឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពល រដ្ឋក៏ដូចជារាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យអាជ្ញាធរមាន សមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិ ភាព សុវត្ថិភាព និងស្ថិរភាពដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងដើម្បីឆ្លើយតប ទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្ដមរដ្ឋលេខាធិការបាន បានស្នើឱ្យអង្គភាពទាំងបីសហការគ្នាឱ្យបានស្អិតរមួតថែមទៀត ដើម្បីអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធស្របតាមផែនការសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៕
ប្រភពក្រសួងសាធារណៈការ
សំ វណ្ណា






