ខេត្តបន្ទាយមានជ័យ ៖ នៅវេលាយប់ម៉ោង១០ និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នា៤នាក់បានបង្កភាពអសន្តិសុខ នៅចំនុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយបង្កភាពអនាធិបតេយ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ចាប់ឃាត់ខ្លួនបានចំនួន៣នាក់ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេរត់គេចខ្លួនបានមួយយប់រួចមក។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាយប់ម៉ោង១០ និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំនុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ មានករណីអំពើហឹង្សាមួយកើតឡើង បង្កដោយក្រុមក្មេងទំនើង ចំនួន៣នាក់ បានធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើឈ្មោះ គឹម ស្រេង អាយុ៤៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉តូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលអោយរងរបួសជើងខាងឆ្វេងធ្ងន់។ ក្រោយពីកើតហេតុ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ តែត្រូវក្រុមជនល្មើស ជិះម៉ូតូរត់គេចខ្លួនអស់។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវបន្ត រហូតឈានដល់ការចាប់ឃាត់ខ្លួនបាន ចំនួន២នាក់ មានឈ្មោះ ធី ប៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបិតស្កុតម៉ូតូ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកបើកម៉ូតូ) និងឈ្មោះ វ៉ាន់ ពិសាល ហៅសា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជនដៃដល់មានកាន់កាំបិត) រួចបន្ដចាប់ខ្លួនឈ្មោះ នួន ហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បក្សពួក), ចំណែកបក្សពួកគេម្នាក់ទៀត ឈ្មោះ ហៀង ហៅបៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់ស្រមោល។
លោកអធិការបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្មេងទំនើងទាំងនេះ កាប់ទៅលើជនរងគ្រោះ ដោយសារតែជនរងគ្រោះស្រែក ពេលពួកក្មេងទាំងនេះ បំរុងធ្វើសកម្មភាពរកវាយទៅលើជនជាតិ ខណៈដែលនោះជនរងគ្រោះនៅទីនោះ។ ក្រោយមកក្មេងបង្កទំនាស់បានជិះទៅយកកាំបិត ហើយកាប់ទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នកំពុងរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ណុប រក្សា