គ្រឹះស្ថានសិក្សាឯកជនចំនួន៤ ដែលមានជាប់ពាក់ព័ន្ធប្រាស្រ័យទាក់ទងជាមួយគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល ១៤ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
លោក រស់ សុវាចា បានបញ្ជាក់ នៅថ្ងៃទី៦ ខែវិច្ឆិកា នេះថា គិតត្រឹមយប់ថ្ងៃទី៥ ខែវិច្ឆិកា ក្រសួងអប់រំ បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន ៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។
គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល ១៤ថ្ងៃ។
លោក រស់ សុវាចា បានឲ្យដឹងទៀតថា ក្នុងចំណោមគ្រឹះស្ថានសិក្សាទាំង៤នេះ មានបុគ្គលិកអប់រំ ១រូបបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី ក្រៅពីនោះមានសិស្សចំនួន ៦រូប ដែលមានឪពុកម្តាយបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។
គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថា រដ្ឋមន្ត្រីការបទេសហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសថៃ ក្រសួងអប់រំ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពីវិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូហុងគ្រី នៅប្រទេសកម្ពុជា ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល ១៤ថ្ងៃ និងត្រូវបន្តការបង្រៀន និងរៀនតាមរយៈប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងនោះ ត្រូវធ្វើចត្តាឡីស័ក ដោយខ្លួនឯង ១៤ថ្ងៃផងដែរ៕





