(កំពត)៖ ប្រធានមន្ទីរទេសចរណ៍កំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង១០ ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកប្រធានមន្ទីរបានឱ្យដឹងថា «រយៈពេល៣ថ្ងៃនេះ ខេត្តកំពតខាងខ្ញុំទទួលបានភ្ញៀវទេសចរសរុបចំនួន ១០២,០២៦ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១០១,៣០២នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន៧២៤ នាក់»។
លោកសយ ស៊ីណុល ក៏បានបញ្ជាក់ដែរថា ចំពោះការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត ក៏នៅតែប្រព្រឹត្តយ៉ាងល្អប្រសើរផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ជាវ តាយ ពោលគឺគ្មានបញ្ហាអ្វីចោទឡើងគួរឱ្យកត់សម្គាល់ឡើយ៕






