ឥទ្ធិពលព្យុះនូល គិតត្រឹមយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្កឲ្យខេត្តចំនួន ៥របស់កម្ពុជា បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងនោះបណ្តាលឲ្យប្រជាពលរដ្ឋ ៣នាក់ស្លាប់ បាត់ខ្លួនចំនួន ១នាក់ លិចផ្ទះចំនួន ១៨២៥ខ្នង ជម្លៀសប្រជាពលរដ្ឋ៤៤៧នាក់ លិលិចស្រូវប្រមាណ ២១០ហិកតា ដំឡូងមី៥៨ហិកតា ដំណាំរួមផ្សំ ៤៤ហិកតា។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ខេត្តទាំង ៥ ដែលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រួមមាន ខេត្តកោះកុង លិចផ្លូវ៣ភូមិ ក្នុងឃុំតាទៃ ស្រុកថ្មបាំង និងលិចទូក នៅបុទុមសាគរ ស្លាប់ម្នាក់។
ខេត្តឧត្តរមានជ័យ ប៉ះពាល់ស្រុក/ក្រុងចំនួន៤ និង១៥ឃុំ/សង្កាត់ លិចផ្ទះ៩៣ខ្នង លិចស្រូវ២១០ហិកតា។ ខេត្តប៉ៃលិន ប៉ះពាល់៣១គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ បាត់ខ្លួន១នាក់។
ខេត្តព្រះសីហនុ ប៉ះពាល់ស្រុកព្រៃនប់ និងក្រុងព្រះសីហនុ លិចផ្ទះ១៧០១ខ្នង ស្លាប់២នាក់ និងជម្លៀសពលរដ្ឋ៤៧៥នាក់ និងខេត្តពោធិ៍សាត់ ប៉ះពាល់៤ឃុំ ក្នុងស្រុកវាលវែង៕
សំអាង






