ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗបង្កឡើងដោយរុក្ខជាតិទាំងនោះ។
លោក ងិន ធី អ្នកទទួលបន្ទុកការសម្អាតរុក្ខជាតិតាមប្រា សាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ក្នុងចំណោមរុក្ខជាតិទាំង អស់ដែលដុះនៅលើប្រាសាទមានរុក្ខជាតិប្រភេទធំៗមួយ ចំនួនដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំងឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះងាយនឹងដុះលូតលាស់លឿនដែលធ្វើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការកាត់សម្អាតជាប្រចាំ ពោល គឺក្នុងរយៈពេល១ខែកន្លះឬ២ខែត្រូវមកកាត់សម្អាតម្តងមិនដូចរុក្ខជាតិប្រភេទស្មៅឡើយ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភ័ណភាព និងចៀសវាងធ្វើឱ្យថ្មប្រាសាទក្រៀកឬរលុះនៅពេលរុក្ខជាតិដុះកាន់តែធំ។
មូលហេតុដែលនាំឱ្យរុក្ខជាតិទាំងនោះមកដុះនៅលើប្រាសាទបាន ដោយសារកត្តា ខ្យល់បក់នាំគ្រាប់មកទើលើល្បាក់ថ្ម និងសត្វស្លាប តែងតែពាំគ្រាប់រុក្ខជាតិមកធ្វើជាចំណីរអាហារជាប្រចាំ៕






