ទីក្រុងសែតថល ក្នុងរដ្ឋ វ៉ាស៊ីនតោន របស់សហរដ្ឋ អាមេរិក បានក្លាយជាទីក្រុងដំបូងគេ ក្នុងប្រទេសដែលហាមឃាត់ការរើសអើង ដោយផ្អែកលើប្រព័ន្ធវណ្ណៈរបស់ប្រទេសឥណ្ឌា ដែលបែងចែកមនុស្ស ផ្អែកលើពូជ សាសន៍របស់ពួកគេ។
ទីក្រុង សែតថល ក៏ជាទីក្រុងដំបូងគេនៅក្រៅអាស៊ីខាងត្បូង ដែលអនុម័តច្បាប់ហាម ឃាត់ការរើសអើងវណ្ណៈ ប៉ះពាល់ដល់សហគមន៍អាស៊ីខាងត្បូង ដែលរស់នៅក្នុងសហរដ្ឋ អាមេរិក។ យោងតាមទិន្នន័យពីវិទ្យាស្ថានគោលនយោបាយធ្វើចំណាកស្រុក បានឱ្យដឹងថា សហរដ្ឋអាមេរិកជាប្រទេស ដែលមានប្រជាជនឥណ្ឌាច្រើនជាងគេទីពីរ រស់នៅក្រៅ ប្រទេស ដ៊ពោលគឺមានប្រជាជនឥណ្ឌាប្រមាណ ២.៧ លាននាក់គិតត្រឹមឆ្នាំ ២០២១។
ក្រុមប្រឹក្សាក្រុង សែតថល បានបោះឆ្នោតគាំទ្រ ៦-១ លើច្បាប់នេះកាលពីថ្ងៃអង្គារ ដោយនិយាយថា ប្រសិនបើគ្មានច្បាប់បែបនេះទេ មនុស្ស ដែលប្រឈមមុខនឹងការរើសអើងវណ្ណៈនៅក្នុងសហរដ្ឋអាមេរិក នឹងមិនមានការការពារទេ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






