ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជាមានប្រសាសន៏ថា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយក្នុងការចូលរួមវិស័យសកម្មភាពមនុស្សធម៌ នៅកម្ពុជា ដែលបានបរិច្ចាគថវិកាប្រមាណជាង១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះដល់អាយុជីវិតបានរាប់លាននាក់ឲ្យរួចផុតពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្ម របស់អូស្ត្រលី ទស្សនកិច្ចសកម្មភាពរាវរកគ្រាប់មីនរបស់សត្វកណ្តុរ នៃអង្គការ Apopo ប្រចាំកម្ពុជា នៅទីស្នាក់ខេត្តសៀមរាប។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងគោលដៅចូលរួមកាត់បន្ថយការគ្រោះថ្នាក់អាយុជីវិត និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ អនុប្រធានអាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសអូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជាទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ ក៏ដោយ។
អង្គការ Apopo ប្រចាំនៅកម្ពុជា ដែលបានធ្វើការហ្វឹកហ្វឺនជំនាញរាវមីនដល់សត្វកណ្តុរ និងសត្វឆ្កែ ចាប់តាំងពីឆ្នាំ២០១៤ ក្នុងការចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលគិតត្រឹមឆ្នាំ២០២១ អង្គការ Apopo បានធ្វើការរំដោះផ្ទៃដីមានមីនប្រមាណជិត១០គីឡូម៉ែត្រក្រឡា។
ឯកឧត្ដមព្រឹទ្ធសមាជិក Tim Ayres បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារបោសសម្អាតមីននៅកម្ពុជា ហើយលោកព្រឹទ្ធសមាជិក មានសេចក្តីសប្បាយរីករាយចំពោះការរីកចំរើនរបស់កម្ពុជា ព្រមទាំងសង្ឃឹមថា កម្ពុជា នឹងរួចផុតពីការគម្រាមកំហែងដោយសារគ្រាប់មីន និងអាចសម្រេចតាមគោលដៅរបស់ខ្លួន។






