(ស្វីស) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម។ ការលើកឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស ទទួល បន្ទុកការិយាល័យកិច្ចការនយោបាយ-យោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងឡូសាន ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកដល់កិច្ចសង្រ្គោះអាយុជីវិតប្រជាជននៅតាមមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។
ជាមួយគ្នានោះ លោក Stanley L. Brown បានកោត សរសើរ និងទទួលស្គាល់ចំពោះការដឹកនាំ និងរួមចំណែករបស់កម្ពុជា ដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ហើយសហរដ្ឋ អាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ផងដែរ៕






