ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការងារគ្រប់ គ្រង និងប្រតិបត្តិការទីលានទុកដាក់សំរាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណ៥០រូប។
អង្គប្រជុំបានពិភាក្សាអំពីយន្តការនៃការគ្រប់គ្រង និងការអនុវត្តគម្រោងទីលានទុកដាក់សំរាម និងសំណល់រឹងរបស់រាជធានី-ខេត្តចំនួន៦ និងទិសដៅសកម្មភាពការងារក្នុងការរៀបចំរចនាសម្ព័ន្ធ និងការចាត់តាំងសមាសភាពចូលរួមវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រង និងវគ្គបំពាក់បំប៉នការប្រើប្រាស់គ្រឿងចក្រដល់មន្ត្រីពាក់ព័ន្ធសំដៅគ្រប់គ្រងទីលានទុកដាក់សំរាមឱ្យបានល្អ ការរៀប ចំប្រព័ន្ធទិន្នន័យប្រមូល ថ្លៃសេវា និងពិធីប្រគល់-ទទួលការគ្រប់គ្រងទីលានទុកដាក់សំរាមផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃការគ្រប់គ្រងទីលានទុកដាក់សំរាម និងសំណល់រឹងក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែង រកប្រាក់កម្ចីផ្សេងៗពីដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំ គ្រប់ គ្រងទីលានទុក ដាក់សំរាមឱ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេសប្រកប ដោយគុណភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា៖ ក្រសួងបាន និងកំពុងត្រៀមរៀបចំបើកវគ្គបណ្ដុះបណ្ដាលផ្ដល់ចំណេះ ដឹងអំពីការគ្រប់គ្រងទីលានទុកដាក់សំរាម ដើម្បីផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេស ដល់ក្រុមការងារក្រសួង ក៏ដូចជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលត្រូវបានចាត់តាំងឱ្យមកសិក្សាដើម្បីធានានិរន្តភាពនៃការគ្រប់គ្រងទីលានទុកដាក់សំរាមស្រប តាមបទដ្ឋានបច្ចេកទេសប្រើប្រាស់ឱ្យបានយូរអង្វែង។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការផ្ទេរសិទ្ធិគ្រប់ គ្រងទីលានទុកដាក់សំរាម និងសំណល់រឹងដល់រាជធានីខេត្តទាំង៦ និងកំណត់ពេលវេលាជាក់លាក់មួយ ដើម្បីរៀបចំពិធីប្រគល់-ទទួលទីលានទុកដាក់សំរាម និងសំណល់រឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន៕






