ប៉ូលីសអាហ្រ្វិកខាងត្បូង កំពុងស៊ើបអង្កេតលេីការរកឃើញសាកសពយ៉ាងហោចណាស់ ២១ នៃអ្នករុករករ៉ែខុសច្បាប់ ដោយត្រូវបានគេរកឃើញនៅជិតអណ្តូងរ៉ែសកម្មមួយ នៅក្នុងទីក្រុងគ្រូហ្កឺស្ដប( Krugersdorp) ភាគខាងលិចនៃទីក្រុងចូហានណេសបឺក។ យោងតាមប៉ូលីស សាកសពចំនួន១៩ ត្រូវបានរកឃើញនៅរសៀលថ្ងៃពុធ ហើយពីរទៀតត្រូវបានរកឃើញនៅព្រឹកថ្ងៃព្រហស្បតិ៍។ ប៉ូលិសបាននិយាយថា ពួកគេសង្ស័យថា សាកសពត្រូវបានគេបញ្ជូនទៅកាន់ទីតាំង ដែលគេរកឃើញនោះដែលជាអណ្តូងរ៉ែឯកជន។ នេះគឺជាឧប្បត្តិហេតុចុងក្រោយបង្អស់ ទាក់ទងនឹងការជីកយករ៉ែខុសច្បាប់នៅក្នុងតំបន់ គ្រូហ្កឺស្ដប (Krugersdorp) ។
គួរបញ្ជាក់ថា កាលពីខែកក្កដា សមាជិកក្រុមការងារភាព យន្តស្រី៨នាក់ ត្រូវបានគេចាប់រំលោភ និងប្លន់នៅអណ្តូងរ៉ែ បោះបង់ចោលក្នុងតំបន់ ខណៈពួកគេកំពុង ធ្វើការថតវីដេអូចម្រៀង។ ឧបទ្ទវហេតុនេះ បានបង្កឱ្យមានការតវ៉ាដោយហិង្សាប្រឆាំងនឹងអ្នកជីករ៉ែខុសច្បាប់នៅក្នុងសហគមន៍ជុំវិញ។ បុរសទាំងនោះស្ថិតក្នុង ចំណោមមនុស្សជាង៨០ នាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងពេលប៉ូលិសវាយឆ្មក់លើអណ្តូងរ៉ែ គេទុកចោលដែលការចាប់រំលោភបានកើតឡើង៕
ប្រែសម្រួលដោយ ប៊ុន សុភាព







