ភ្នំពេញ៖ ប្រជាពលរដ្ឋជាង២០០០គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមសណ្តរស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោបានទទួលអំណោយមនុស្សធម៌ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយជីវភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋបានរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ។
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌ មានដូចជា ៖ មី អង្ករ ប្រេងឆា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពល រដ្ឋចំនួន២២២៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោស្ថិតនៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកជួយសម្រាលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តរស្ទឹងព្រែកត្នោត បើទោះបីទឹកស្រកហើយក៏ដោយ ក៏ត្រូវបង្កើនការថែរក្សាអនាម័យសុខភាព និងការពារសុវត្ថិភាពរបស់ក្រុមគ្រួសារឱ្យបានខ្ជាប់ខ្ជួន ដោយកុំឱ្យក្មេងតូចៗលេងទឹកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ។
សូមបញ្ជាក់ថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ហើយបានស្រកលឿនទៅវិញជាបណ្តើរៗ៕ដោយះ សំអាតនិងពិសិដ្ឋ







