ប្រទេសចិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្នែកការពារជាតិចំនួន ១០ បន្ថែមទៀតរបស់សហរដ្ឋអាមេរិក ទាក់ទិននឹងការលក់សព្វាវុធឲ្យតៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា នេះគឺជាជុំទីពីរនៃការដាក់ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនអាមេរិកទាក់ទិននឹងបញ្ហានេះក្នុងរយៈពេលតិចជាងមួយសប្ដាហ៍។
សាខារបស់ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន General Dynamics និងក្រុមហ៊ុន Raytheon ដែល «បានចូលរួមនៅក្នុងការលក់សព្វាវុធឲ្យតៃវ៉ាន់» ត្រូវបានបន្ថែមចូលទៅក្នុង «បញ្ជីអង្គភាពមិនគួរឲ្យទុកចិត្ត»របស់ចិន។
សាខាក្រុមហ៊ុនទាំងនេះនឹងត្រូវហាមឃាត់មិនឲ្យធ្វើសកម្មភាពនាំចូលនិងនាំចេញ ឬក៏ធ្វើការវិនិយោគថ្មីណាមួយនៅក្នុងប្រទេសចិនឡើយ។
សូមជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកចំនួន៧ ដែលរួមមានទាំងក្រុមហ៊ុន Insitu ដែលជាសាខារបស់ក្រុមហ៊ុន Boeing ទាក់ទិននឹងការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ផងដែរ។
អ្នកនាំពាក្យក្រសួងការ បរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សកម្មភាពទាំងនេះ «ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន»៕






