(ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖ បន្ទាប់ពីទទួលព័ត៌មានថាមាន មនុស្ស ១០ នាក់ វិលត្រឡប់ពីភ្នំពេញ មកកាន់ខេត្តកំពង់ឆ្នាំងទើបមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចប្រតិបត្តិការទាំងយប់ ដោយបានទៅនាំខ្លួនមនុស្សទាំង ១០ នាក់នោះឲ្យត្រឡប់មកធ្វើចត្តាឡឺស័កវិញបន្ទាប់ពីពួកគេវិលត្រឡប់ ពីរាជធានីភ្នំពេញ និងជាអ្នកធ្វើការនៅចំណុចក្តៅពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។កិច្ចប្រត្តិបត្តការនេះធ្វើឡើងយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារយើងនៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ នេះថា មនុស្ស១០ នាក់ ដែលវិលត្រឡប់មកពីភ្នំពេញវិញ មាន ៨នាក់ នៅស្រុកកំពង់លែង និង២នាក់នៅស្រុកបរិបូរណ៌ ។
លោកបានបញ្ជាក់ថា៖ តាមការពិត មនុស្សទាំង ៨នាក់ដែលវិលត្រឡប់មកផ្ទះនៅស្រុកកំពង់លែង វិញ គឺ ពួកគាត់ជាអ្នកធ្វើការនៅកន្លែង ដែលមានចំណុចក្តៅ នៃព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ ដែល កំណត់ដោយក្រសួងសុខាភិបាល ហើយទីតាំងពួកគាត់ធ្វើការបានបិទទ្វារ ។
ហេតុដូច្នេះហើយពួកគាត់មិនបាន ទៅធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ តែពួកគាត់បានវិលត្រឡប់មកស្រុកវិញ គឺស្រុក កំពង់លែងទើបខាងមន្ទីរ ទៅនាំខ្លួនពួកគាត់ទាំងយប់ ឲ្យមកធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័ក នៅឯស្រុកទឹកផុស ។
ជាមួយគ្នានេះ មនុស្សស្រី ២ នាក់ ដែលវិលត្រឡប់ពីភ្នំពេញវិញ ហើយពួកគាត់បានទៅធ្វើបុណ្យបងប្អូននៅឯស្រុកបរិបូណ៌ គឺពួកគាត់ ក៏ជាអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈដូចគ្នាដែរ ហេតុនេះហើយ ក្រុមការងារមន្ទីរ ក៏បាននាំខ្លួនទៅធ្វើចត្តាឡីស័កជាមួយគ្នាដូចគ្នាដែរ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវ ចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីតាំងទាំង ៤៦កន្លែង សូមមកពិនិត្យសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់។ជាមួយគ្នានេះ លោកក៏បានសំណូមពរ បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវថែរក្សាអនាម័យឲ្យបានល្អ ត្រូវមានគម្លាតពីគ្នា ១ម៉ែត្រកន្លះឡើងទៅនិងត្រូវពាក់ម៉ាស់ លាងដៃសាប៊ូ អាកុលឬជែលជាប្រចាំ៕
ដោយ៖ពៅ សុខហ៊ាន(កែសម្រួលដោយ មណ្ឌល កែវ)