(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាង និងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី ៥ ២០១៩ដល់ ២០២៥។
ក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានេះផងដែរ ក៏មានការផ្លាស់ប្តូរ និងបំពេញបន្ថែម របស់សមាជិក សាខាកាកបាទក្រហម និងបន្ថែមគណៈកិត្តិយស សាខាមូលហេតុសមាជិកចាស់ មានការផ្លាស់ប្តូរការងារទៅឆ្ងាយខេត្ត និងចូលនិវត្តន៏ ហើយក៏មានការផ្លាស់ប្តូរសមាសភាពអស់លោក លោកស្រីមួយចំនួនផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្ថែមថា សាខា កាកបាទក្រហមខេត្ត មានកម្មវត្ថុ និងគោលបំណងរួមគឺបង្ការ និងសម្រាលទុក្ខលំបាកគ្រប់ការឈឺចាប់ របស់ប្រជាពលរដ្ឋ ដោយមិនលំអៀង គ្មានការបែងចែក អំពីសញ្ជាតិ ពូជសាសន៍ ភេទវណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយ ដោយត្រូវបំពេញភារកិច្ចមានជាអាទិ៍ទាំងនៅក្នុងពេលមានជម្លោះប្រដាប់អាវុធ ក៏ដូចជានៅក្នុងពេលមានសន្តិភាព ត្រូវបំពេញភារកិច្ចក្នុងនាមតំណាងជនរងគ្រោះ គ្រប់កាលៈទេសៈបន្តប្រមូលផ្តុំ កម្លាំងមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងថែទាំសុខភាព តាមសហគមន៍ និងការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌របស់ចលនា កាកបាទក្រហមអឌ្ឍចន្ទក្រហម។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា៖ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះឡើយ ដូចនេះក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានបន្តពង្រឹងគុណភាព និងខិតខំបង្កើន សមត្ថភាព ក្នុងការផ្តល់សេវាមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងនៃអ្នករងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង ពិសេសក្នុងដំណាក់កាលរីករាលដាលនៃមេរោគកូវីដ ១៩នេះ។
គួរបញ្ជក់ថា ៖ ក្នុងកិច្ចប្រជុំពិនិត្យនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក៏មានយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាង និងសេចក្តីសម្រេច ស្តីពីការរៀបចំការងាររបស់សាខាកាកបាទក្រហមខេត្តអាណត្តិទី ៥ ឆ្នាំ ២០១៩ដល់២០២៥នេះផងដែរ ៕
ណុប រក្សា