ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងស្តារទីក្រុងបុរាណ ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូន ក្នុងរដ្ឋរ៉ាឃីន ដោយអនុលោមតាមគោលការណ៍ណែនាំ របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នេះបើយោងតាម នាយកដ្ឋានបុរាណវិទ្យារបស់ប្រទេស និង សារមន្ទីរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ លោក យូ មុងសាន វីន (U Maung San Win) អនុប្រធាននាយក ដ្ឋានបុរាណវិទ្យា និងសារមន្ទីរជាតិបានប្រាប់ស៊ីនហួថា យើងនឹងចាប់ផ្តើមការងារជួសជុលឡើងវិញ នៅពេលយើងទទួលបានមូលនិធិចាំបាច់ពីរដ្ឋាភិបាលរដ្ឋរ៉ាឃីន។
លោកបានពន្យល់ថា ស្របតាមគោលការណ៍ណែនាំស្តីពីការអភិរក្សរបស់អង្គការយូណេស្កូ ការស្ដារឡើងវិញនូវជញ្ជាំងថ្ម និងអគារដែលរងការខូចខាតនៅក្នុងទីក្រុងបុរាណ នឹងពាក់ព័ន្ធនឹងការប្រើប្រាស់ថ្មធម្មជាតិដែលមានប្រភពក្នុងស្រុក និងការប្រើប្រាស់ស៊ីម៉ងត៍បែបបុរាណ។
លោកបានបន្តថា កន្លែងដែលរងការខូចខាតយ៉ាងខ្លាំងដោយព្យុះស៊ីក្លូន រួមមានអគារមួយនៅលើភ្នំដែលមានសិលាចារឹក និងវត្តបុរាណចំនួនបី។ សូមជម្រាបថា ព្យុះស៊ីក្លូន បានបោកបក់នៅរដ្ឋរ៉ាឃីនក្នុងខែឧសភា ដែលបណ្តាលឱ្យបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន៕
ប្រែសម្រួលដោយ: ជ ង៉ា






