(កំពង់ធំ)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថាកងកម្លាំងប្រដាប់អាវុធសុខចិត្តបង្ហូរញើសនៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិប្រយុទ្ធ។
ឯកឧត្តម ងួន រតនៈ បានលើកឡើងក្នុងពិធីបាញ់គ្រាប់ពិតនៃកម្មវិធីហ្វឹកហ្វឺនរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅបញ្ជាការដ្ឋានវរៈ១ ភូមិតាឡែក ឃុំសាលាវិស័យ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ សូមកោតសរសើរដោយស្មោះដល់មេ បញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចតាមបទបញ្ជារបស់អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទក៏ដូចជាបញ្ជារបស់បញ្ជាការដ្ឋានយោភូមិភាគ៤ ដែលបានដាក់ចូលផែនការប្រចាំឆ្នាំទាក់ទងទៅនឹងការហ្វឹកហាត់ជាប្រចាំទៅដល់កងកម្លាំងប្រដាប់អាវុធ។
ឯកឧត្តមបន្ថែមទៀតថា នេះជាកិច្ចការដែលមានសារៈសំខាន់ណាស់សម្រាប់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការបង្កើននូវសមត្ថ ភាពជំនាញពិតប្រាកដ ដល់កម្លាំងសម្រាប់ការពារប្រទេសជាតិបើទោះបីប្រទេសយើងធ្លាប់ឆ្លងកាត់សង្គ្រាម ហើយសព្វថ្ងៃនេះទទួលបានសុខសន្តិភាពក៏ដោយប៉ុន្តែកងទ័ពមិនត្រូវបោះបង់និងភ្លេចខ្លួននោះទេត្រូវតែហ្វឹកហាត់បង្កើនសមត្ថភាព ចំណេះ ជំនាញ និងអង្គអាចក្លាហានជានិច្ច។
ឯកឧត្តមបន្តទៀតថាទោះបីយើងមានការហ្វឹកហាត់ជាបន្តបន្ទាប់ក្តីទាក់ទងនឹងសមត្ថភាពនៅមានកម្រិតដោយសារការហ្វឹកហាត់នេះមានរយៈពេលខ្លីត្រឹមតែបីខែប៉ុណ្ណោះ។
ដូចនេះជំនាញនៅក្នុងមេរៀនមានការអនុវត្តជាក់ស្ដែងយើងទទួលបានលទ្ធផលមានកម្រិត ទោះយ៉ាងណាការយល់ដឹងទទួលបានលទ្ធផលល្អ។
តាមរបាយការណ៍ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាក់ថាលទ្ធផលហ្វឹកហ្វឺនរៀនសូត្ររយៈពេល៨៧ថ្ងៃ កន្លងទៅដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនិងបញ្ជាការដ្ឋានយោធភូមិភាគទី៤ តាមខ្លឹមសារនិងកម្មវិធីហ្វឹកហ្វឺនដែលបានគ្រោងទុក។
សិក្ខាកាមចំនួន១០០នាក់ និងក្រុមគ្រូយោធាចារ្យចំនួន១០នាក់ ត្រូវដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK៤៧ ដើម្បីវាស់ស្ទង់ពីកម្រិតយល់ដឹងក្នុងការប្រើប្រាស់បច្ចេកទេសអាវុធស្វ័យ ប្រវត្តិដែលយោធិនគ្រប់រូបត្រូវចេះស្ទាត់សម្រាប់ការពារខ្លួន និងបាញ់កំទេចគោលដៅខ្មាំងសត្រូវ ក្នុងពេលប្រយុទ្ធនៅលើសមរភូមិ ៕
ដោយ ព្រហ្ម សំ






