ប៉ោយប៉ែត ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្ត អូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុមានម៉ូតូ០១គ្រឿងធុនធំ (ពុំស្គាល់ម៉ាក) បើកប្រដេញម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1R-9974 ចេញពីក្លោងទ្វារវត្តអូរខៃដន រួចឆ្លងទៅទិសខាងលិច ស្រាប់តែមានរថយន្តធុនធំ ប្រភេទរថយន្តសណ្តោង ០១គ្រឿង (ក្តាប់ភិនភាគពុំបាន) បើកបរពីទិសខាងកើតទៅលិច ហើយម៉ូតូម៉ាកសេ១២៥ បានគេច ផុតពីមុខរថយន្តធុនធំ ប៉ុន្តែសំណាងអាក្រក់ អ្នករួមដំណើរ (ជិះពីក្រោយ) បានលោតចុះពីលើម៉ូតូ ក៏បណ្តាលអោយរថយន្ត សណ្តោងធុនធំកិនស្លាប់តែម្តង ។
សមត្ថកិច្ច បានបន្ថែមថា ករណីនេះបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ វឿង ភារុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (រងរបួសស្រាល)។ ចំនែកអ្នករួមដំណើរ ម៉ូតូឈ្មោះ សាន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនិងកន្លែងកើត ហេតុ)។ សមត្ថកិច្ចដដែល បានបន្តថា ម៉ូតូសេ១២៥ (ខូចខាតស្រាល) ចំណែកម៉ូតូធុនធំនិងរងយន្ត (បើករត់គេចបាត់) ។
លោកអនុសេនីយ៍ឯក សុិន ដូនី ទទួលបន្ទុករាយការណ៍ចរាចរណ៍ បានអោយដឹងថា សមត្ថកិច្ច កំពុង តែស្វែងរកម៉ូតូ និង រថយន្តបង្ករ យកមកដោះស្រាយទៅតាមផ្លូវច្បាប់។ រីឯម៉ូតូជនរងគ្រោះ លោកបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់និមិត្ត ជាបណ្តោះអាសន្នសិន៕ វណ្ណា












