ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងងព័ត៌មាន បានស្នើឱ្យសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថ ដែលបានកើតមានកន្លងមក។ ការបញ្ជាក់នេះធ្វើឡើងក្នុង ឱកាស ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួង នៅព្រឹកម៉ិញនេះ។
ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលដឹកនាំសហព័ន្ធសារព័ត៌មានដ៏ធំមួយនេះរយៈពេល៦ឆ្នាំមកហើយ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល ការងារមនុស្សធម៌ការងារព័ត៌មាន និងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន។ ក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។
សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។
ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង៥០នៅកម្ពុជា នៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិន ហើយក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា និន្នាការហ្វេសប៊ុកហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត»។
គួរបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។
បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន សហព័ន្ធក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ន សហព័ន្ធមានរចនាសម្ព័ន្ធការងារដែលក្នុងនោះ គណៈកម្មការប្រតិបត្តិចំនួន២២រូប ទីប្រឹក្សា៩រូប លេខាធិការដ្ឋាន៩រូប៕






