ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក។ ការស្នើរបស់ឯកឧត្តមសាស្ត្រា ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវា កម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។
លោកស្រី នាយិកាអង្គការ UNOPS បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីថា អង្គការ UNOPS បានចាប់ផ្តើមការងារនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការធ្វើលទ្ធកម្មទៅលើសម្ភារៈ និងឱសថ ការសម្របសម្រួល ទៅនឹងការងារប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់ ការងារប្រយុទ្ធប្រឆាំងជំងឺ របេង និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល ដូចជាជំងឺកូវីដ-១៩ ជាដើម។ ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិ បាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) មុនកាលបរិច្ឆេទកំណត់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាប UNOPS អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNOPS បន្តរក្សាពង្រីកកិច្ចសហប្រតិបត្តិការដែលអាចអនុលោម និងបន្ស៊ីជាមួយវិស័យអាទិភាព។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក។ ជាពិសេសផ្តោតលើការងារលទ្ធកម្ម ជាមួយក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិ បាល អាណត្តិទី៧៕






