កណ្តាល៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកចុះពីលើស្ពាន ស្រាប់តែបែកបំពង់ទុយោខ្យល់ ធ្វើឲ្យម៉ាស៊ីនគាំងលែងដំណើរការ ក៏រេចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកតាមាក់ពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ប៉ូលិសចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ធុនដឹកទំនិញពណ៌សពាក់ស្លាកលេខភ្នំពេញ 3C-7513 បើកបរដោយឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានអ្នករួមដំណើរម្នាក់ ឈ្មោះ ឆាយ ឈឿង ភេទប្រុសអាយុ៣៥ ឆ្នាំនៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប៉ូលិសបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ រថយន្តបង្កបានបើកឆ្លងស្ពានព្រែកតាមាក់ មានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបែកបំពង់ទុយោខ្យល់ ស្របពេលនោះរថយន្តនោះបានចុះពីលើស្ពានមកត្រើយខាងកើត បណ្ដាលឱ្យរេចង្កូត មកបុកនឹងរង្វង់មូលគល់ស្ពានព្រែកតាមាក់តែម្តង។
ប៉ូលិសបានបន្ថែមទៀតថា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ មិនបណ្ដាលឱ្យមានរងរបួសធ្ងន់ធ្ងរទេ តែបណ្ដាលឲ្យបាក់កនាគចំនួន០១ (ដែលធ្វើអំពីថ្មម៉ាប) និងបាក់ខឿនរង្វង់បីថ្នាក់ធ្វើឱ្យប្រេះ និងបាក់បែក។
ករណីនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺដោយសារអ្នកបើកបររថយន្តបង្កហេតុខាងលើបើកបរក្នុងល្បឿនលឿន ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕