ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកបើកបរ រថយន្តធុនធ្ងន់ម្នាក់បានរបួស បាក់ជើងខាងឆ្វេងម្ខាងធ្ងន់ធ្ងរ ដោយកៀបជាប់ក្នុងកាប៊ីនរថយន្ត ខណៈដែលរូប គាត់បានបើករថយន្តហ៊ីយ៉ាន់ដាយធុនធំបុកគូទរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ទៀតដែល បែកកង់ចតនៅចិញ្ចើមផ្លូវ ពីក្រោយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 5 និង 10 នាទីព្រឹកថ្ងៃទី 23 ខែមីនា ឆ្នាំ 2020 នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ 101 និង 102 ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ។
មន្ត្រីនគរបាលចរាចរណ៍ ស្រុករលាប្អៀរដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 3a 8526 បើកបរដោយបុរសរងគ្រោះក្នុងល្បឿនយ៉ាងលឿនហើយក៏បានជ្រុលទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ដឹកស៊ីម៉ងត៍ពាក់ស្លាកលេខ ព្រះសីហនុ 3a .4910 ដែលកំពុងឈប់ស្ងៀមអែបបនិងចិញ្ចើមផ្លូវ ពីក្រោយ ដោយសារបែកកង់ ផ្នែកខាងស្ដាំ បណ្ដាលឱ្យ អ្នកបើកបរ រថយន្តបង្កដែលទៅបុកគេពីក្រោយបាន រងរបួស ជើងខាងឆ្វេងធ្ងន់ធ្ងរតែម្តង ។
ក្រោយពីកើតហេតុសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយគាស់ យកអ្នកបើកបររងគ្រោះដោយប្រើរយៈពេលជាង 3 ម៉ោង គឺចាប់ពីម៉ោង 5 រហូតដល់ម៉ោង ជាង8 ព្រឹក ទើបគាស់យកបាន ខណៈជនរងគ្រោះពេលយកចេញពី
រថយន្ត មានសភាពរបួសធ្ងន់ធ្ងរ ដោយជើងខាងឆ្វេងបែកខ្ទេចនិងខ្សោះឈាមណាស់ទៅហើយ។
ជនរងគ្រោះ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមកដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ខេត្ត។
សមត្ថកិច្ចបានសន្និដ្ឋានថាគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីការបើកបរក្នុងល្បឿនលឿនដែលមិនអាចគ្រប់គ្រងស្ថានភាពបាន ។
ដោយឡែករថយន្តទាំង 2 ត្រូវបានសមត្ថកិច្ច គ្រោងនឹងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលដើម្បីចាត់ការតាមនីតិវិធី៕





