សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងបញ្ចេញថវិការដ្ឋចំនួន ២៣០លានដុល្លារសម្រាប់សាងសង់ស្ពានដែលឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិតនៅត្រូវបើកការដ្ឋានសាងសង់ឆាប់ៗនេះ គ្រាដែលប្រទេសវៀតណាមនឹងធ្វើផ្លូវល្បឿនលឿន ពីទីក្រុងហូជីមិញមកភ្ជាប់ជាមួយទល់ដែនកម្ពុជា។
សម្តេចតេជោ មាន ប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រេចធ្វើស្ពាន ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០លានដុល្លារ គឺជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ពីរទៅពីរមកសម្រាប់តភ្ជាប់ ឆ្លងទៅត្រើយម្ខាង ឆ្លងកាត់ខេត្តកណ្តាលមួយផ្នែក ខេត្តព្រៃវែងមួយផ្នែក និងខេត្តស្វាយរៀងមួយផ្នែក។
ការបញ្ជាក់របស់សម្តេចគឺ ឆ្លើយតបទៅក្រុមហ៊ុនសាងសង់ ដែលចង់យកលុយពីប្រជាពលរដ្ឋ សម្រាប់ការធ្វើ ដំណើរ ឆ្លងស្ពានលើផ្លូវល្បឿនលឿនបន្ថែមទៀត តែសម្តេចបដិសេធ មិនឲ្យយកជម្រើសនេះទេ ទើបរាជ រដ្ឋាភិបាលសម្រេច ចេញថវិការដ្ឋ ដើម្បីសាងសង់។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមនឹងបើកការដ្ឋានផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅក្រុងបាវិត នៅខែមិថុនាខាងមុខនេះ ក្រោយបញ្ចប់ការចរចាជាមួយក្រុមហ៊ុនចិនរួចរាល់។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណ១៣៨គីឡូម៉ែត្រ និងគ្រោងចំណាយប្រមាណ ១.៦៣ ពាន់លានដុល្លារ ដោយផ្តើមចេញពីភ្នំពេញ ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃ វែង និងខេត្ត ស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ៕






