មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទក្លែងបន្លំការបោះឆ្នោតហើយត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំដែលជាការកាត់ទោសបន្ថែម លើការជាប់ពន្ធនាគាររយៈពេល១៧ ឆ្នាំ ដែលលោកស្រីត្រូវបានកាត់ទោសរួចហើយចំពោះបទល្មើសផ្សេងទៀត។ ម្ចាស់ជ័យលាភីណូបែល និងជាមេដឹកនាំសម្រាប់ការប្រឆាំងរបស់ប្រទេសមីយ៉ាន់ម៉ា ចំពោះការគ្រប់ គ្រងដោយយោធាជាច្រើនទសវត្សរ៍ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារកាលពីដើមឆ្នាំមុន។តែលោកស្រីបដិសេធរាល់ការ ចោទប្រកាន់មកលើលោកស្រី។ កាលពីថ្ងៃសុក្រទីភ្នាក់ ងារសារព័ត៌មាន បានដកស្រង់ប្រភពដែលរាយការណ៍ថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេវិនិច្ឆ័យថាបានប្រព្រឹត្តការក្លែងបន្លំនៅក្នុងការបោះ ឆ្នោតសកល ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានឈ្នះដោយសំឡេងភាគច្រើនលើសលប់ ដោយបានបំបែកគណបក្ស ដែលបង្កើតឡើងដោយយោធាដ៏មានឥទ្ធិពលរបស់ប្រទេស ។ ការកាត់ទោសកាលពីថ្ងៃសុក្រដោយតុលាការពិសេស នៅពន្ធនាគារក្នុងរដ្ឋធានីណៃពីដោរ ត្រូវបានបញ្ជូនដោយមន្ត្រីច្បាប់ ដែលទទូចសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចត្រូវបានដាក់ទណ្ឌកម្មដោយអាជ្ញាធរយោធា ដែលបានរឹតបន្តឹងការចេញផ្សាយព័ត៌មានអំពីការកាត់ក្តីរបស់លោកស្រី អ៊ុង សានសូជី (Aung San Suu Kyi)។ .
ការចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដាក់ក្នុងខែវិច្ឆិកា ដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាព ដែលសមាជិករបស់ពួកគេត្រូវបានជំនួសដោយយោធា បន្ទាប់ពីខ្លួនបានដណ្តើមអំណាច។គណៈកម្មការនេះបានចោទប្រកាន់ថាលោកស្រីនិងសហការីរបស់គាត់បានរំលោភលើបទប្បញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញដោយចោទប្រកាន់ថាមានឥទ្ធិពលលើគណៈកម្មការចាស់។ តែគណបក្សNLDរបស់លោកស្រីបានបដិសេធការក្លែង បន្លំ ហើយបាននិយាយថា ខ្លួនឈ្នះដោយយុត្តិធម៌។ គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧ឆ្នាំ ត្រូវបានកាត់ទោសអស់រយៈពេលជាងមួយឆ្នាំ លើបទចោទ ប្រកាន់ជាច្រើន រាប់ចាប់ពីអំពើពុករលួយ និងការញុះញង់រហូតដល់ការលេចធ្លាយអាថ៌កំបាំងផ្លូវការ៕
ប្រែសម្រួលដោយ ប៊ុន សុភាព







