រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានរំឮកពីបណ្តាំរបស់សម្តេចហ៊ុន សែនចំពោះកម្មករដោយសង្កត់ធ្ងន់ថា បញ្ហាកម្មករគឺជាកែវភ្នែករបស់ថ្នាក់ដឹកនាំដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។
នេះជាការថ្លែងរបស់លោកកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលដែលលោកចុះពិនិត្យការរស់នៅរបស់កម្មករនៅតាមបន្ទប់ជួល។ លោកថា៖ ”តាមបណ្តាំរបស់សម្តេចពុក ហ៊ុន សែន គឺក្រសួងត្រូវចាត់ទុក សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគឺជាកែវភ្នែករបស់ខ្លួន។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋ នៅជាមួយបងប្អូនកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត”។
ក្នុងនោះលោក បានអះអាងថា លោក និងថ្នាក់ដឹកនាំក្រសួងការងារ និងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារចុះពិនិត្យការរស់នៅរបស់កម្មករនិយោជិត និងការលក្ខខណ្ឌការងារនៅតាមរោងចក្រជាប់ជាប្រចាំ។ លោកគូសបញ្ជាក់ថា៖ “ល្ងាចទី១ នៃតួនាទី ក្រោយម៉ោងការងារខ្ញុំបានចុះជួបជាមួយបងប្អូនកម្មករនិយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីក្តាប់នូវជីវិតក្រោយម៉ោងការងាររបស់បងប្អូនកម្មករនិយោជិត។
បងប្អូនបបួលហូបជាក់ជាក់ មួយកំប៉ុង និងរបស់របរមួយចំនួនជាមួយបងប្អូនដែរ”។
មន្ត្រីក្រសួងការងារបានសង្កត់ធ្ងន់ថា ការចុះពិនិត្យគឺដើម្បីពិនិត្យមើលលើការភ្ជាប់បណ្តាញអគ្គីសនី និងទឹកស្អាតផ្ទាល់ពី EDC និងពីរដ្ឋករទឹក ហើយតម្លៃនៃផ្ទះស្នាក់នៅមានតម្លៃសមរម្យដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាសំណូមពរឬទេ៕






