សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ក្នុងការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា ឬប្រទេសថៃបាន។ ប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។
ការបញ្ជាក់នេះធ្វើឡើង ក្នុងពេលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។
ឯកឧត្តមឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា ក្នុងរយៈពេលជិត២ឆ្នាំ នៃអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញ ទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤។
ឯកឧត្តម បានបញ្ជាក់ថាប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ពិសេសចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។
ឯកឧត្តមសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូត លាស់ជាងនេះទៅទៀត។
ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦ នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជ កម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀម រាប។ ឯកឧត្តមក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអាគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាលខេត្តកំពង់ធំ និងនៅខេត្តកំពង់ស្ពឺជាដើមនោះ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានមានប្រសាសន៍បន្តថា យើងជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។
សម្ដេចក៏បានអរគុណដល់ប្រទេសថៃ ដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។
ការទៅមករកគ្នារវាងប្រទេសទាំងពីរ យើងត្រូវតែបើកទូលា យបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមាន ឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺជាដើម។
ក្នុងនោះ ប្រទេសថៃបានក្លាយទៅបង្អែកដ៏សំខាន់សម្រាប់ប្រទេស ជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប។
ថៃក៏មានមន្ទីរពេទ្យជាច្រើន ដែលជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរ ហើយសម្ដេចបានផ្ដល់អនុសាសន៍ថា គួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។
សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមាន ប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះមិនត្រឹមតែទទួលបានប្រាក់បៀវត្សក្នុងនោះទេ ប៉ុន្តែពួកគេថែមទទួលបាននូវបច្ចេកទេស និងជំនាញ ដែលអាចយកមកបំពេញ ការងារពេលត្រលប់មកកម្ពុជាវិញផងដែរ។
សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់លើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ហើយនិងបានថ្លែងអំណរគុណដល់ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី សិរិនថន ក្នុងការស្ថាបនាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាអាហារូប ករណ៍ប្រចាំឆ្នាំរបស់ព្រះអង្គ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សជាច្រើននៅកម្ពុជា។
សម្តេចតេជោ ក៏បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។
ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ៕






