សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើប្រធានាធិប តី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។
ការស្នើនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណ រដ្ឋកូរ៉េនៅវិមានប្រធានាធិបតី កាលពីរសៀលម្សិលម៉ិញ នៅសាធារណៈរដ្ឋកូរ៉េ។
តាមរយៈជំនួបនោះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។
សម្តេចតេជោ បានលើកឡើងថា នៅ៣ឆ្នាំខាងមុខ គឺជាពេលដែលយើងទាំងពីរប្រារព្ធអនុស្សាវរីយ៍ទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតី ពិចារណាលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរសាធារណរដ្ឋកូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏រង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះកម្ពុជាមានលទ្ធភាពច្រើនក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងមានឱកាសជំរុញឱ្យអ្នកវិនិយោគកូរ៉េទៅបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េចំពោះការទទួលពលករកម្ពុជាមកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញនៅចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។
សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជាមកបំពេញការងារនៅប្រទេសកូរ៉េ។
ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសយើងទាំងពីរបានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។
ទាក់ទងនឹងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមប្រធានាធិបតី បានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ នឹងប្រព្រឹត្ត ទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។
កម្ពុជា គឺជាដៃគូពេញលេញរបស់សាធារណរដ្ឋកូរ៉េនៅក្នុងទំនាក់ទំនងនានាក្នុងក្របខណ្ឌអាស៊ានផងដែរ៕






