នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិ លេខ៥ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុបជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋានសាង សង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងជាង៣៥គីឡូម៉ែត្រ ” ក្រោមឥណទានសម្បទានពីរដ្ឋា ភិបាលនៃប្រទេសជប៉ុន។
ពិធីប្រព្រឹត្តធ្វើនៅខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ប្រវែងសរុប៣៣០ គីឡូ ម៉ែត្រ ចាប់ផ្តើមពីព្រែកក្ដាម ខេត្តកណ្តាល រហូត ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ត្រូវបែង ចែកជា៣កំណាត់រួមមាន កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) កំណាត់ផ្លូវភាគកណ្តាល (ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាខាងជើង (បាត់ដំបង- សិរីសោ ភ័ណ) ដោយបានប្រើប្រាស់ រយៈពេលសាង សង់សរុបចំនួន៧ ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។
ដោយឡែកកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង -សិរីសោភ័ណ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។
ដោយឡែកកំណាត់ផ្លូវចំនួន២ ទៀតរួមមានកំណាត់ផ្លូវភាគខាងត្បូងនិងកំណាត់ផ្លូវភាគកណ្តាលបានបញ្ចប់ការសាង សង់ជាស្ថាពរនៅ ខែ ឧសភា ឆ្នាំ២០២៣ និងកំពុងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។
ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិ លេខ៥ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង នៅថ្ងៃនេះក៏មានការបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ចាប់ពីចំណុចសិរីសោភ័ណ ទៅប៉ោយប៉ែតប្រវែងជាង ៣៥ គីឡូម៉ែត្រដែលជាការស្នើសុំបន្ថែម ដើម្បីតភ្ជាប់ផ្លូវជាតិលេខ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែត និងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។
គម្រោងនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ១៥ សង់ទីម៉ែត្រពង្រីកទទឹងតួផ្លូវនៅក្នុងទីប្រជុំជនប្រវែង ២៩ ម៉ែត្រ និងទទឹងតួផ្លូវក្រៅទីប្រជុំ ជន ប្រវែង២៣ម៉ែត្រ ដែលមានស្តង់ដាររួមតែមួយដូចគ្នាទៅនឹងកំណាត់ផ្លូវជាតិលេខ៥ផ្សេង ទៀត។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ ខែ និងបញ្ចប់នៅក្នុងអំឡុង ខែមីនាឆ្នាំ ២០២៥ ដោយនឹងប្រើប្រាស់ថវិកាសាងសង់ចំនួនជាង៥២លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនរួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រ ដ៏សំខាន់មួយនិងជាផ្លូវសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពល ដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជនដោយរាប់ចាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត ។
ខ្សែផ្លូវជាតិលេខ៥នេះ បាននិងកំពុងសម្រួលដល់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងការដឹកជញ្ជូនគ្រប់ប្រភេទជាពិ សេសខ្សែផ្លូវនេះកំពុងចូលរួមជំរុញឱ្យមានកំណើនសកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រួមជាមួយនឹងសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំ ដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង និងប្រទេសនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធ ភាព។
នៅក្នុងក្រប ខណ្ឌតំបន់ផ្លូវជាតិ លេខ ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងទីក្រុងបាងកករាជធានីភ្នំពេញនិងទីក្រុង ហូជីមិញនិងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពលដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងមហាអនុតំបន់មេគង្គ(GMS) ក៏ដូចជាតំបន់អាស៊ានផងដែរ៕






