ប្រធានាធិបតីអាមេរិកលោក Joe Biden (ចូ បៃដិន) បានអនុម័តដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលបួននាក់ ដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ។ លោក Biden (បៃដិន) បានចុះហត្ថលេខាលើបទ បញ្ជាប្រតិបត្តិដ៏ធំមួយដោយនិយាយថា អំពើហិង្សានៅ West Bank បានឈានដល់ “កម្រិតមិនអាចទទួល យកបាន” ដោយដាក់ទណ្ឌកម្មរារាំងបុគ្គលទាំងនោះមិនឱ្យចូលប្រើប្រាស់ទ្រព្យសម្បត្តិ និងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកទាំងអស់។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រហែល ៣៧០ នាក់ត្រូវបានសម្លាប់នៅ West Bank ចាប់តាំងពីថ្ងៃ៧ តុលា នោះមក។ UN បាននិយាយថា ភាគច្រើននៃអ្នកទាំងនោះត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ប៉ុន្តែយ៉ាងហោចណាស់ ៨ នាក់ត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅអ៊ីស្រាអែល។
បទបញ្ជាប្រតិបត្តិថ្មីនេះ មានន័យថា រដ្ឋាភិបាលអាមេរិក មានអំណាចក្នុងការដាក់ទណ្ឌ កម្មជនបរទេសណា ដែលវាយប្រហារ បំភិតបំភ័យ ឬរឹបអូសទ្រព្យសម្បត្តិរបស់ប៉ាឡេស្ទីន។
ការដាក់ទណ្ឌកម្មនេះ គឺជាជំហានដំបូងរបស់រដ្ឋបាលអាមេរិក ដែលជាជំហានដ៏កម្រមួយ សំដៅលើជនជាតិអ៊ីស្រាអែល ហើយកើតឡើងនៅពេលដែលលោក Biden ធ្វើដំណើរទៅ កាន់រដ្ឋមីឈីហ្គែន ដែលមានប្រជាជនអារ៉ាប់-អាមេរិកយ៉ាងច្រើន បានរិះគន់ការគាំទ្ររបស់លោកចំពោះអ៊ីស្រាអែល៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






