តាម facebook page ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ឲ្យដឹងថា សំណង់សាលាឆាន់ចំនួន១ខ្នង ស្ថិតនៅក្នុងវត្តរាជបូណ៌ ដែលជាសម្បត្តិបេតិកភណ្ឌ ព្រះពុទ្ធសាសនាខ្មែរត្រូវបានជួសជុល និងអភិរក្សឡើងវិញដោយអ្នកជំនាញបច្ចេក ទេសនៃអាជ្ញាធរជាតិអប្សរា ក្រោមការផ្តួចផ្តើមរបស់ព្រះនមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណា ចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។
បច្ចុប្បន្ន សំណង់អគារសាលាឆាន់នៅវត្តរាជបូណ៌នេះមានបណ្តោយប្រវែង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់១០.៩២ម៉ែត្រ កំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមដោយសារអាយុកាល ហើយគ្រោងនឹងបញ្ចប់ការជួសជុលនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះក្រោមការប្រឹក្សាបច្ចេក ទេស និងថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលសំណង់បុរាណនៅក្នុងវត្តរាជបូណ៌បន្ទាប់ពីបានជួសជុលព្រះវិហារក្នុងវត្តនេះរួចរាល់កាលពីឆ្នាំ២០២០កន្លងមក៕






