រាជធានីភ្នំពេញ ៖ លំនៅឋានដែលសង់នៅជាប់ៗគ្នា ប្រមាណជាង៦០ខ្នង ដែលស្ថិតនៅខាងជើងស្ពានបាឡេ ត្រូវបាន អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលការឆាបឆេះនេះអស់រយះពេល ប្រមាណជាង២ម៉ោង ដោយសមត្ថកិច្ចមានការ លំបាកក្នុងចូលទៅជួយអន្តរាគមន៍ ។
ហេតុការណ៍នេះ បង្កអោយមានការរភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរំលងអាធ្រត្រ ចូលថ្ងៃ១០ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចតាមមាត់ទន្លេ ក្នុងក្រុម១៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ទាក់ទិនការកើតមានអគ្ឡីភ័យនេះ ត្រូវប្រជាពលរដ្ឋ អះអាងថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីផ្ទះឈ្មោះ ស៊ិន យិន អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រពន្ធឈ្មោះ រ៉ា វី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ។
តាមប្រភពពីប្រជាពលរដ្ឋដដែល បានអោយដឹងថា នៅមុនពេលកើតហេតុ ពេលដែលពួកគាត់កំពុងតែដេកលង់លក់ ស្រាប់តែភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយម្នាក់ៗនាំគ្នារត់ចេញយកតែរួចខ្លួន និងខ្លះទៀតបានរុញម៉ូតូ និងរបស់របរទំលាក់ ចុះទៅមាត់ទន្លេ ។
តាមរបាយការណ៍បឋម របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បន្ទាប់ពីមានអគ្គីភ័យ រថយន្តពន្លត់អគ្គីភ័យ មកពីអង្គភាពផ្សេងៗ ចំនួន៣២គ្រឿង បានចេញមកជួយអន្តរាគមន៏បាញ់ពន្លត់ ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់១១០ជើង រថយន្តក្រុមហ៊ុន OCIC ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ១០ជើង រថយន្តសាលាខណ្ឌឫស្សីកែវ ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ជើង រថយន្តក្រសួងមហាផ្ទៃ ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ជើង។ ក្រៅពីនោះមានម៉ារីនរបស់នគរបាលចរាចរណ៏ជើងទឹក២គ្រឿងផងដែរ។
ភ្លើងបានរលត់ទាំងស្រុង នៅវេលាម៉ោងប្រមាណ៥និង២៥នាទីទៀបភ្លឺ ដែលការឆាបឆេះអស់រយៈពេលប្រមាណជាង ២ម៉ោង។
តាមព័ត៌មានអោយដឹងថា នៅយប់នោះ គេឃើញលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ព្រមទាំងលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ក៍បានចុះទៅសហការណ៍ជាមួយនគរបាលពន្លត់អក្គីភ័យ ជួយ អន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាល បានអោយដឹងថា ដោយសារតែសំណង់ធ្វើពីឈើប្រក់សង្កសី និងខ្លះថ្មក្រោមឈើលើ ស្ថិតនៅតំបន់មិនរៀប រយ សង់ជាប់គ្នាតាមច្រាំងទន្លេសាប ធ្វើអោយភ្លើង បានឆាបឆេះយ៉ាងរហ័ស ហើយរថយន្តបានទៅអន្តរាគមន៍ ពុំអាចចូល ទៅដល់ជួយសង្គ្រោះទាន់ឡើយ។
តាមរបាយការណ៍បឋមរបស់នគរបាលមូលដ្ឋាន បានអោយដឹងថា លំនៅឋានចំនួន ៦៤ខ្នងផ្ទះ រួចមទាំងសម្ភារៈត្រូវភ្លើង ឆេះទាំងស្រុង ហើយប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ បានអត់ទីជំរក ។ ទោះបីជាយ៉ាងណាអគ្គីភ័យ នេះពុំបណ្តាលអោយ មនុស្សរងគ្រោះថ្នាក់ឡើយ៕ ម៉េង ធា










