(បន្ទាយមានជ័យ,ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០) : ដោយទឹកជំនន់ហក់ឡើងខ្លាំងជាបន្តបន្ទាប់ធ្វើអោយមានការជន់លិចភូមិដ្ឋាននិងអាគារស្ថាបន័ មន្ទីរមួយចំនួនក្នុងក្រុងសិរីសោភ័ណ ធ្វើឲ្យអាជ្ញាធរបានបង្ខំចិត្តជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព ។
ដោយឡែកគណៈគ្រប់គ្រងពន្ធនាគារខេត្តបន្ទាយមានជ័យក៏បានបង្ខំចិត្តធ្វើការជម្លៀសជនកំពុងជាប់ឃុំចេញពីពន្ធនាគារនេះទៅកាន់ពន្ធនាគារនៃខេត្តសៀមរាបផងដែរ។
អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានអោយដឹងថាជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១.៦០០នាក់ក្នុងនោះស្រី១០០នាក់។
ទឹកបានហូរចូលក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យយ៉ាងគំហុក ធ្វើអោយមានការលិចអាគាររដ្ឋបាលនិងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។ដូច្នេះដើម្បី
បញ្ជៀសផលប៉ះពាល់ផ្សេងៗគណៈគ្រប់គ្រងសម្រេចធ្វើការជម្លៀសចេញបន្ទាន់ជនជាប់ឃុំទៅកាន់ពន្ធនាគារនៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។
ជាក់ស្តែងជំហានដំបូងនៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះជនជាប់ឃុំចំនួន៨១១នាក់ស្រី៨៥នាក់ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាមតាមរថយន្តក្រុង។លោកថាការជម្លៀសចេញអោយទាន់ពេលវេលានេះគឺដើម្បីបង្ការនូវហានិភ័យផ្សេងៗដែលនឹងកើតមានឡើងនៅពេលដែលទឹកវាយលុកខ្លាំងជាងនេះ។ចំពោះជនជាប់ឃុំដែលនៅសេសសល់នឹងត្រូវជម្លៀសចេញនៅពេលបន្តបន្ទាប់គ្នាបន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់លើ។
សូមរំលឹកផងដែរថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានរងការវាយប្រហារពីទឹកជំនន់បីដងហើយដោយក្នុងនោះឆ្នាំ២០០៨ ឆ្នាំដំបូងនៃការដូរពន្ធនាគារមកកាន់ទីតាំងនេះជំនន់បានវាយប្រហារតិចតួច នៅឆ្នាំ២០១៣ទឹកវាយប្រហារខ្លាំងជនជាប់ឃុំត្រូវបង្ខំចិត្តជម្លៀសចេញទៅកាន់ខេត្តបាត់ដំបងនិងសៀមរាប និងឆ្នាំ២០២០នេះក៏បង្ខំចិត្តជម្លៀសជនជាប់ឃុំទៅកាន់ខេត្តសៀមរាបនិងខេត្តដទៃមួយចំនួនផងដែរ។
ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)






