ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរ បាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរ បាលបន្តវេន។
ឯកឧត្ដម ថ្លែងបែបនេះ នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកង កម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជនចំនួន៤រូប រួមមាន ឯកឧត្ដម ឡូយ សុផាត ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្ដម គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ក្នុងនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យពិនិត្យលទ្ធ ភាពរៀបចំកម្មវិធី ដើម្បីទាក់ទងអញ្ជើញឥស្សរជនសរុបទាំងអស់ ១៧រូបដែលបានទទួលគោរពងារ«សន្តិបណ្ឌិត» តាមកាលវេលាស្របនឹងកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទទួលបានគោរពងារ«សន្តិបណ្ឌិត» របស់ឥស្សរជនទាំងកន្លងទៅនិងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទពិសោធន៍ និងការលះបង់ ដោយបានចូលរួមបំពេញ ភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃតាំងថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ មក មិនតិចជាង៤០ឆ្នាំនោះទេ។
ក្នុងន័យផ្ដល់កិត្តិយស និងតបស្នងចំពោះវីរភាពនៃការបម្រើជាតិមាតុភូមិ ក្នុងក្របខ័ណ្ឌនគរបាលជាតិនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានជំរុញឱ្យបន្តសិក្សាលើឥស្សរជនដទៃទៀត ដើម្បីវាយតម្លៃផ្ដល់គោរមងារ «សន្តិបណ្ឌិត» និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនជាបន្ត បន្ទាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកដល់អស់លោកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកលើបញ្ហាចរាចរណ៍ ព្រោះគ្រោះថ្នាក់បណ្ដាល ឱ្យស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិនៅតែកើតឡើងគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះដែរ បញ្ហាក្មេងទំនើង ក៏ជាវិញ្ញាសាមួយ ដែលត្រូវសិក្សាអំពីបុព្វហេតុ ដែលនាំឱ្យក្រុមក្មេងទំនើងបង្កបញ្ហាប្រព្រឹត្តិបទល្មើសនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គមជាដើម។
ដូចគ្នានេះដែរ តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត ក៏គប្បីបង្កើនការយកចិត្តទុកដាក់ចាត់ វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូល រួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបង្ហាញគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទ ល្មើសគ្រឿងញៀនឱ្យបានចន្លោះពី២០% ទៅ៣០ % តាមមាគ៌ាដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕






