ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកសារព័ត៌មានបារាំង ថា កម្ពុជាមិនរើសអើងពាក់ព័ន្ធនឹងប្រភពនៃការផ្ដល់ហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ហើយកម្ពុជាមានការគ្រប់គ្រងបំណុលបានល្អ។
ការបញ្ជាក់នេះ ធ្វើឡើងកាលពី ថ្ងៃទី០៦ ខែកញ្ញា នៅគ្រាដែលក្រុមអ្នកសារព័ត៌មានបារាំង បានមកបំពេញទស្សនកិច្ចសារព័ត៌មានសេដ្ឋកិច្ច និងធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរ និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្ហាញពីចក្ខុវិស័យ និងទិសដៅរបស់កម្ពុជា ក្នុងការអភិវឌ្ឍខ្លួនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីគម្រោងការងារសំខាន់ៗ ដែលបានអនុវត្តរួចរាល់ ហើយលេចចេញជារូបរាង និងគម្រោងការងារផ្សេងៗទៀតដែលកំពុងដំណើរការ ព្រមទាំងគម្រោងនានាជាច្រើន ដែលគ្រោងនឹងអនុវត្តនាពេលអនាគត។
ជាមួយគ្នានេះ កម្ពុជា ក៏ខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជាដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានតាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី នៅតាមបណ្តារាជធានី-ខេត្ត។
ជំនួបពិភាក្សានេះ បានដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញការពិតឱ្យកាន់តែប្រសើរឡើងក៏ដូចជាបង្ហាញនូវគន្លឹះក្នុងការស្វែងយល់អំពីប្រទេសកម្ពុជាសព្វថ្ងៃ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដែលមានអ្នកខ្លះទើបមកកម្ពុជាលើកដំបូង និងបានសម្តែងការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍរបស់កម្ពុជាដែលខុសស្រឡះពីអ្វីដែលពួកគេបានអានក្នុងទំព័រសារព័ត៌មានកន្លងមក។
សូមជម្រាបជូនដែរថា៖ ក្រុមអ្នកសារព័ត៌មានបារាំងទាំងបួនរូប អញ្ជើញមកពីស្ថាប័នសារព័ត៌មានដែលមានឥទ្ធិពល ក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងប្រទេសបារាំង ដែលរួមមាន៖ លោកស្រី Armelle Bohineust មកពីកាសែត Le Figaro លោក Claude Leblanc មកពីកាសែត L’Opinion លោក Alain Guillemoles មកពីកាសែត La Croix និង លោក Emmanuel Langlois មកពីស្ថានីយវិទ្យុ France Info ៕







