កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មារិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្ត សាមុយ ដឹកយកទៅសង្គ្រោះដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាព ខណៈដែលរថយន្តសណ្តោងធុនធំដឹកខ្សាច់ មួយគ្រឿង បើកលឿនជ្រុលចង្កូតទៅបុករថយន្តទួរីសដឹកក្រុមកម្មកររោងចក្រ បណ្តាលអោយរងរបួសរណូករណែល កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៦៦ ទៅលេខ៦៧ក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពប្រជាពលរដ្ឋបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកកម្មករកម្មារិនី បើកតាម បណ្តោយផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត រថយន្តទួរីសម៉ាកត្រូពិច ពណ៌ស្លែពាក់ស្លាកលេខ កំពង់ស្ពឺ 2A0652 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំសណ្តោងដឹកខ្សាច់ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុងពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3A5619 បើកលឿនបញ្ច្រាស់ផ្លូវបើកលឿន ជ្រុកទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តទាំង០២គ្រឿង ជ្រុលធ្លាក់ផ្លូវ បណ្តាលអោយមនុស្សរងរបួសរណូករណែល។
ភ្លាមៗនោះរថយន្តសាមុយដឹកយកជនរងគ្រោះទៅព្យាបាលភ្លាមៗផងដែរ។ ចំពោះក្រុមកម្មករកម្មារិនីរងរបួសមិនទាន់ ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានរងរបួសសរុបជាង៤៥នាក់
-របួសស្រាល២០នាក់
-របួសមធ្យម១១នាក់ និង
-របួសធ្ងន់៤នាក់ (បានដឹកបញ្ចូនមកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ)
ក្រោយកើតហេតុ គេបានឃើញនគរបាលជំនាញ បានធ្វើការវាស់វែងដឹកអូសយករថយន្តទាំង២គ្រឿងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ អ៊ុ ណូន












