នៅក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ កក្កដានេះ ឯ.ឧ ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្ត ព្រោះខេត្តមណ្ឌគិរី គឺជាខេត្ត ដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍។
នៅទូទាំងខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ អាចទៅដល់មានចំនួន ៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគ តិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រក សត្វព្រៃ និងមានអាកាសធាតុត្រជាក់។ នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់ ផ្ទះសំណាក់ ៥១កន្លែង ស្មើនឹង ៧៣៥ បន្ទប់, ម៉ូតែល ០២កន្លែង ស្មើនឹង ៦៧បន្ទប់ បឹងកាឡូ ០១កន្លែង ស្មើនឹង ០៦ បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង ស្មើ នឹង ៣២០តុ និង ១.៧០១ កៅអី និងខារ៉ាអូខេ ១៣ កន្លែង ស្នើនឹង ៥៧បន្ទប់ ម៉ាស្សា ០៤កន្លែង ស្មើនឹង ០៧បន្ទប់ និងមគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។
ឯ.ឧ អភិបាលខេត្តមណ្ឌលគិរី ក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ដោយឯកជនសរុបមានចំនួន ១១ ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា អូរផ្លាយ រមនា១ រមនា២, ជ្រៃយស់, ចំការកាហ្វេ អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ។ភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឆ្នាំ២០១៩កើនឡើង ២០,៣៩%។
ក្រៅពីនេះ នៅមានគម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន ៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រក សត្វព្រៃកែវសីមា ១០គម្រោង, ដែនជម្រកសត្វ ព្រៃភ្នំណាមលៀរ ០២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង៕
វណ្ណា






