លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌និងវិចិត្រសិល្ប: បានអនុញ្ញាតឱ្យលោក ជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOBAL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) ព្រមទាំងក្រុមការងារចូលជួបសម្ដែងការគួរ។
លោកជា ឌីណា បានឱ្យដឹងថា គោល បំណងដែលក្រុម ការងារលោកបង្កើតគម្រោងនេះឡើងគឺដើម្បី៖ ទី១. ជំរុញទឹកចិត្ត និង បំផុសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសសិស្ស និស្សិត យុវជន សហគ្រិន ឱ្យកាន់តែស្រលាញ់ការអាន, ការមើលសៀវភៅតាមលក្ខណះ Digital book ដែលជួយផ្តល់នូវភាពងាយស្រួលដល់អ្នកអានទូទៅដើម្បីឱ្យពួកគាត់អាចស្រាវជ្រាវ សិក្សារៀនសូត្របានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងទាំងអស់តាមរយ: Smart Phone។
ទី២.ដើម្បីលើកស្ទួយស្នាដៃអ្នកនិពន្ធក្នុងស្រុកឱ្យពួកគាត់ មានប្រភពចំណូលតាមរយៈការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុងបណ្ណាល័យ អេឡិកត្រូនិក និងដើម្បីផ្សព្វ ផ្សាយស្នាដៃរបស់ពួកគាត់ឱ្យកាន់តែទូលំទូលាយថែមទៀតទាំងនៅក្នុងស្រុកនិងនៅលើសាកលលោក ទី៣. រួមចំណែ កដល់ការអភិវឌ្ឍន៍វិស័យអប់រំបែប Digital ដើម្បីចូលរូមអភិវឌ្ឍន៍ធនធានមនុស្យនៃព្រះរាជាណាចក្រកម្ពុជាយើងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមស្ថាបនិកបណ្ណា ល័យ Electronic (KUMNIT) ទាំងអស់ដែលបានរួមគ្នាបង្កើតគម្រោងនេះឡើង។ ដោយ ហេតុថា សកម្មភាពនេះគឺជាចលករមួយដ៏សំខាន់ក្នុងការរួម ចំណែកលើកស្ទួយស្នាដៃអ្នកនិពន្ធ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ធនធាន មនុស្សនៅកម្ពុជា ។
លោក ជំទាវបណ្ឌិតសភាចារ្យ ក៏បានសំណូមពរ និងក្រើន រំលឹកដល់ក្រុមការងារ Electronic (KUMNIT) ទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យស្របតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្ប: ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ដែលត្រូវបានសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៤ នីតិកាលទី៦ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានអនុម័តយល់ព្រមលើសេចក្តីព្រាង ច្បាប់ឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើជាការប្រញាប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០៕
ប្រភពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សំ វណ្ណា






