(ខេត្តមណ្ឌលគិរី,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖ ទោះបីជាមានការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ គ្មានការ លើកលែងយ៉ាងណាក៏ដោយ ប៉ុន្តែឈ្មួញ រកស៊ីឈើនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅតែឆ្លៀតឱកាសលួចដឹកឈើ តាមរយៈម៉ូតូ និងរថយន្តកែច្នៃតូចៗ រហូតដល់បណ្ដែតតាមក្បូន តាមគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រស្រុកមួយនេះយកទៅ លក់បន្ត ដែលជាបញ្ហាធ្វើឲ្យធនធាន ធម្មជាតិក្នុងដែនអភិរក្សព្រៃឈើ នៅតែបន្តបាត់បង់ ។
លោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា បានឲ្យដឹងនៅរសៀលថ្ងៃទី១០ សីហានេះថា គិតត្រឹម៦ខែក្នុង ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបានបទល្មើសព្រៃឈើប្រមាណជាង១០០ករណី និងរឹប អូសឈើប្រភេទដុំនិងសន្លឹកបានជាង១ពាន់កំណាត់ ក្នុងនោះដែរក៏មានវត្ថុតាងដឹកជញ្ជូនឈើ ដូចជាម៉ូតូនិងរថយន្តជិត ១០០គ្រឿង ព្រមទាំងបញ្ជូនមនុស្ស១២នាក់ទៅតុលាការផងដែរ ។
លោក ហឿន សុខណា បន្តថា ថ្មីៗនេះដែរ ឈ្មួញឈើបានប្ដឹងលោកទៅតុលាការសុំឲ្យមានការដកតំណែងរបស់ លោក ព្រោះកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ លោកបានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសព្រៃឈើដោយរឹបអូសយកវត្ថុតាងជាក់ស្តែងមានរថយន្ត ១ គ្រឿង ដឹកឈើ ៣ ដុំ និងបន្តចុះមកប្រមូលឈើដែលស្តុកទុកនៅផ្ទះឈ្មោះ ឈាង តៃស្រ៊ីន បានចំនួន ៣៤ កំណាត់បន្ថែមទៀត។
ដូច្នេះឈ្មួញ ឈើ ឈាង តៃស្រ៊ីន នេះបានប្រឌិតរឿងដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋជាង២០០នាក់នៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយប្រាប់ពលរដ្ឋថា សុំស្នាម មេដៃដើម្បីស្នើប័ណ្ឌក្រីក្រ និងយកស្នាមមេដៃទាំងនោះអមជាមួយពាក្យបណ្ដឹងដាក់ទៅតុលាការតែម្ដង ។
លោកអភិបាលរងស្រុកបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើសព្រៃឈើក៏មានការលំបាកខ្លាំងណាស់ដែរ ព្រោះឈ្មួញ ឈើបើករថយន្តលឿន ជាពិសេសគឺតាមបណ្ដោយផ្លូវជាតិលេខ៧៦Aតែម្ដង ដូចនេះរាល់ការបង្ក្រាបប្រឈមនិងគ្រោះថ្នាក់ ហើយថែមទាំងខ្លាចមានហានិភ័យដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងរស់នៅក្បែរនោះផង ៕
ដោយ៖មន ម៉ារ៉េត (កែសម្រួលដោយ មណ្ឌល កែវ)





