សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ ចំណុចធំៗ ចំនួន៣ ទៅកាន់ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ នាបុរីញូវយ៉ក សហរដ្ឋអាមេ រិក។
ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតីភូអម នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចសំខាន់ដែលសម្តេចតេជោ បានលើកទៅកាន់អគ្គលេខាធិការអង្គការ សហប្រជាជាតិ គឺទី ១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ច សហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហ ប្រជាជាតិ។ តុលាការកូនកាត់នេះ បានប្រកាសសាល ក្រមស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោ បានមានប្រសាសន៏ថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍។ សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌ ហើយ៤៣ឆ្នាំមុន កម្ពុជាបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀត ណាម។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។ ទី២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព នៃអង្គការ សហប្រជាជាតិ។ សម្ដេច ក៏បានអរគុណចំពោះអង្គការ សហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំណុចទី ៣. ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន សម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហ ប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហ ប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាង មុខ នេះ។ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។
ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហម ដោយឯកឧត្តម ចងចាំច្បាស់ណាស់ថា សម្ដេចតេជោ បានដឹកនាំផ្ដួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ឯកឧត្តម ពិតជារីករាយយ៉ាងក្រៃលែង ចំពោះកម្ពុជា ដែលបានចូលរួមក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជា ជាតិ កន្លងទៅនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហា កិច្ចប្រជុំអាស៊ានខាងមុខ នេះ ឯកឧត្តម នឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះឯកឧត្តមក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍។ ដូច្នេះ ឯកឧត្តមពិតជាចង់ត្រឡប់មកប្រទេសកម្ពុជា សារជាថ្មី ដោយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការ សហប្រជាជាតិ និងអាស៊ាន។
ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា កន្លងមកយើងបានគាំទ្រទាំងស្រុងជាមួយ នឹងក្រុមការងារ អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅកម្ពុជា ដែលនេះពិតជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការ សហប្រជាជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា អង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា៕






